តើ IELTS ជាអ្វី?
សង្ខេប៖ IELTS មកពីពាក្យថា International English Language Testing System ជាតេស្ត សមត្ថភាពភាសាអង់គ្លេស លើជំនាញស្តាប់ អាន សរសេរ និងនិយាយ សម្រាប់ការសិក្សា និងការផ្លាស់ទីលំនៅ (រូបទី១)។ តេស្តនេះរៀបចំឡើងដោយ British Council, IDP: IELTS Australia និង Cambridge Assessment English ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៩។

រូបទី១៖ តើ IELTS ជាអ្វី?
ទម្រង់នៃការប្រឡង៖ តេស្តនេះមានពីរបែបគឺ Academic
(សម្រាប់ការសិក្សា) និង General Training (សម្រាប់ការផ្លាស់ទីលំនៅ)។
តេស្តភាសាអង់គ្លេសនេះផ្តោតទៅលើជំនាញទាំងបួនគឺស្តាប់ អាន សរសេរ និងនិយាយ។
តេស្តជំនាញទាំងបួនមានរយៈពេល ២ ម៉ោង និង ៤៥ នាទី (រូបទី២) ប៉ុន្តែជំនាញស្តាប់ ថែម ១០ នាទីទៀត សម្រាប់ចម្លងចម្លើយចូលក្រដាសចម្លើយ។

រូបទី២៖ ទម្រង់នៃការប្រឡង
ជំនាញស្តាប់៖ មានបួនផ្នែក ពីរដំបូងនិយាយពីបរិបទសង្គម ហើយពីរបន្ទាប់និយាយ ពីបរិបទសិក្សា ហើយចំនួនអ្នកនិយាយក៏ប្រែប្រួលទៅតាមផ្នែកនីមួួយៗដែរ (រូបទី៣)។ ជំនាញនេះ មាន ៤០ សំណួរ និងមានរយៈពេល ៣០ នាទី (រូបទី៣) និង ១០ នាទីសម្រាប់ចម្លងចម្លើយចូលក្រដាសចម្លើយ។ មិនថា Academic និង General Training IELTS គឺមានជំនាញស្តាប់តែមួយទេ។

រូបទី៣៖ ជំនាញស្តាប់
ជំនាញអាន៖ មានបីអត្ថបទ មាន ៤០ សំណួរ និងមានរយៈពេលសរុប ៦០ នាទី ដូចគ្នាទាំង Academic និង General Training IELTS (រូបទី៤)។ អត្ថបទទាំងអស់ជាអត្ថបទដកស្រង់ពីប្រភពផ្សេងៗដូចគ្នា តែ Academic IELTS មានអត្ថបទភាគច្រើនទាក់ទងនឹងសិក្សា ហើយមានលក្ខណៈស៊ីជម្រៅជាង។

រូបទី៤៖ ជំនាញអាន
ជំនាញសរសេរ៖ មានពីរអត្ថបទទាំង Academic និង General
Training IELTS អត្ថបទទីមួយមានចំនួនពាក្យយ៉ាងតិច ១៥០ ហើយអត្ថបទទីពីរយ៉ាងតិច
២៥០ ពាក្យ ហើយមានរយៈពេលសរុប ៦០ នាទី (រូបទី២ និង ៥)។
ប៉ុន្តែ នៅក្នុង Academic IELTS អត្ថបទទីមួយឲ្យបកស្រាយពីតារាង ដ្យាក្រាម
ឬក៏ដំណើរការអ្វីមួយ ចំណែកអត្ថបទទីពីរ ឲ្យសរសេរតែងសេចក្តី (Essay)
ឆ្លើយតបនឹងប្រធានបទណាមួយ។ រីឯ នៅក្នុង General Training IELTS
អត្ថបទទីមួយឲ្យសរសេរសំបុត្រ ឬក៏អ៊ីម៉ែល ហើយអត្ថបទទីពីរឲ្យសរសេរតែងសេចក្តី។

រូបទី៥៖ ជំនាញសរសេរ
ជំនាញនិយាយ៖ មានបីផ្នែក មានរយៈពេលសរុប ១១ ទៅ ១៤ នាទី (រូបទី៦)។
ផ្នែកទីមួួយ ដូចជាការសម្ភាសន៍ទូទៅ ផ្នែកទីពីរអនុរក្សឲ្យក្រដាសត្រៀម ១ នាទី
និងឲ្យនិយាយ ២ នាទី ហើយផ្នែកទីបីជាការពិភាក្សាបែបស៊ីជម្រៅ
ទៅលើប្រធានបទស្រដៀងនិងផ្នែកទីពីរ។ មិនថា Academic និង General Training
IELTS គឺមានជំនាញនិយាយតែមួយទេ។

រូបទី៦៖ ជំនាញនិយាយ
របៀបគណនាពិន្ទុ៖ គេគិតជា Band ពី ១ ដល់ ៩ នៅក្នុងនោះអាចមានកន្លះដូចជា ៥.៥ និង ៦.៥ ជាដើម ប៉ុន្តែគ្មានជាប់ធ្លាក់ទេ (រូបទី៧)។ ពិន្ទុនេះមានសុពលភាពរយៈពេលពីរឆ្នាំចាប់ពីថ្ងៃប្រឡងទៅ ហើយលទ្ធផលនឹងមានជារបាយការណ៍ដែលគេហៅថា Test Report Form។

រូបទី៧៖ របៀបគណនាពិន្ទុ







No comments: