Header Ads

Phoura Y

អារីស្តូត៖ ប្រព័ន្ធចាំបាច់ជាងឆន្ទះ ក្នុងការដឹកនាំប្រទេស


 
សង្ខេបអារីស្តូតជាបិតានៃមុខវិជ្ជាវិទ្យាសាស្ត្រទាំងឡាយបានលើកឡើងថា​ ប្រព័ន្ធចាំបាច់ជាងឆន្ទះ នៅក្នុងការដឹកនាំប្រទេស ដើម្បីជៀសវាងអ្នកដឹកនាំជិះសេះលែងដៃ ហើយប្រជាធិបតេយ្យ តាមរយៈតំណាងគ្រប់គ្រង ដោយច្បាប់កំពូលជាមធ្យោបាយកណ្តាលមួួយ ដើម្បីធានាបាននូវតុល្យភាពអំណាចរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋ។​

តាម​ទស្សនៈ​របស់​ផ្លាតុង​ជាកូន​សិស្ស​របស់​សូក្រាត​ដែល​ជា​ស្ថាបនិក​នៃទស្សនវិជ្ជា​ រដ្ឋមួយ​អាច​គ្រប់គ្រង​បាន​ល្អ ឬ​មិន​ល្អ វា​អាស្រ័យ​លើ​​លក្ខណសម្បត្តិ​របស់​មេដឹកនាំ ជាជាង​លើ​ទម្រង់​នៃ​​របប​នយោបាយ។ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​របបផ្តាច់ការ ​តែ​មាន​មេដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត វា​ប្រសើរ​ជាង​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​របបប្រជាធិបតេយ្យ​តែ​មាន​មេដឹកនាំ​អសមត្ថភាព។

ផ្លាតុងថា រដ្ឋ​ដែល​ល្អ​បំផុត គឺ​រដ្ឋ​ដែល​មាន​មេដឹកនាំ​ជា​ទស្សនវិទូ ឬ​ “ស្តេចទស្សនវិទូ” ពោលគឺ គេ​មាន​ជម្រើសពីរ ឬមួយ​​ ត្រូវ​ឲ្យ​ទស្សនវិទូ​ឡើង​ធ្វើ​ជា​មេដឹកនាំ​ ឬ​មួយ ត្រូវ​ឲ្យ​​​អ្នក​ត្រូវ​ធ្វើ​ជា​មេដឹកនាំ​​​ខិតខំ​ស្វែងរក​ចំណេះដឹង​ជា​ទស្សនវិទូ។
អារីស្តូត​ជាកូន​សិស្ស​របស់​ផ្លាតុង​និង​ជា​ស្ថាបនិក​នៃមុខ​វិជ្ជា​ជីវវិទ្យា​ក៏យល់ស្រប​ដូច​ប្លាតុង​ដែរ​ ក៏ប៉ុន្តែគាត់ថា របបនយោបាយ​បែបនេះ គឺ​មានតែ​នៅលើ​ក្រដាស ឬ​មាន​តែ​នៅ​ក្នុងការ​ស្រមើស្រមៃ​តែប៉ុណ្ណោះ។ រីឯ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែងវិញ គេ​កម្រ​នឹង​រកបាន​ណាស់ “ស្តេច-ទស្សនវិទូ” ដោយ​ទស្សនវិទូ​មិន​បាន​ឡើង​ធ្វើ​ស្តេច រីឯ​អ្ន​ក​បាន​ធ្វើ​ស្តេច​មិនមែន​ជា​ទស្សនវិទូ។

អារីស្តូត​យល់ឃើញ​ថា របបនយោបាយ​​តាមបែប “ស្តេច-ទស្សនវិទូ”​ របស់​ផ្លាតុង​នេះ គឺ​ជា​របបនយោបាយ​មួយ ដែល​មាន​ហានិភ័យខ្ពស់ ពីព្រោះ​ថា នៅពេលដែល​អំណាច​ត្រូវ​ប្រមូលផ្តុំ​នៅ​ក្នុងដៃ​​បុគ្គលតែម្នាក់ ហើយ​បុគ្គល​នោះ​មិនមែន​ជា​អ្នក​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត វា​ងាយ​នឹង​ត្រូវ​ប្រែក្លាយ​ទៅជា​របបផ្តាច់ការ​ឃោរឃៅ ដែល​មេដឹកនាំ​យក​អំណាច​ទៅ​ប្រើប្រាស់ ដើម្បីតែ​ប្រយោជន៍ផ្ទាល់ខ្លួន ហើយ​ជិះជាន់​អ្នក​ទន់ខ្សោយ។ នៅ​ពេលនោះ របបនយោបាយ “ស្តេច-ទស្សនវិទូ” ដែល​ជា​របបដឹកនាំ​ដ៏ល្អបំផុតនោះ ត្រូវ​ប្រែក្លាយ​ទៅជា​របបផ្តាច់ការឃោរឃៅ ដែល​ជា​របបដឹកនាំ​ដ៏​អាក្រក់​បំផុតទៅវិញ។

ហេតុដូច្នេះហើយ​បាន​ជា​អារីស្តូត​យល់ថា រវាង​របបនយោបាយ​មួយដែល​ពោរពេញ​ដោយ​ភាព​អនាធិបតេយ្យ (ប្រជាធិបតេយ្យ​ដោយ​ផ្ទាល់) និង​របបនយោបាយ​មួយ​ទៀត​​ដែល​ល្អ​ឥតខ្ចោះ​តែ​មិន​អាច​យក​ទៅ​អនុវត្ត​ជាក់ស្តែង ("ស្តេច-ទស្សនវិទូ") គេ​អាច​មាន​ជម្រើសកណ្តាល​មួយ គឺ​ការដឹកនាំ​​ដោយ​មនុស្ស​មួយក្រុមតូច ដោយ​មនុស្ស​មួយក្រុម​តូចនេះ​​ទទួល​​បាន​នូវ​ការ​ព្រមព្រៀង និង​ការ​ប្រគល់​សិទ្ធិ​អំណាច​ពី​ប្រជាជន​ទូទៅ ហើយ​អ្វីៗ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុងក្របខណ្ឌ​នៃ​ច្បាប់​កំពូល​មួយ ដែល​មាន​ចែងកំណត់​ទាំងអំពី​សិទ្ធិអំណាច និង​ការ​ទទួលខុសត្រូវ​របស់​មេដឹកនាំ និង​ទាំង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ។

គោលគំនិត​នេះ​គឺ​ជា​ចំណុច​ចាប់ផ្តើម​មួយ ដែល​ក្រោយ​មក​បាន​វិវឌ្ឍ​ទៅជា​របបប្រជាធិបតេយ្យ​តាមរយៈតំណាង ដូចដែល​គេ​យក​មក​អនុវត្ត​ជាទូទៅ នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន ដោយ​ “ច្បាប់កំពូល” ដែល​អារីស្តូត​បាន​លើកឡើង គឺ​ជា “រដ្ឋធម្មនុញ្ញ”។

No comments:

Powered by Blogger.