Header Ads

Phoura Y
TOEFL ITP មកពីពាក្យថា TOEFL Institutional Testing Program ជាប្រភេទតេស្ត តាមក្រដាសសម្រាប់វាស់សមត្ថភាពភាសាអង់គ្លេស ក្នុងសាមីស្ថាប័ន ដូចជាសាកលវិទ្យាល័យជាដើម។  តេស្តនេះចំណាយ ៤៥ ដុល្លារ ហើយលទ្ធផលរបស់វាអាចប្រើសម្រាប់ផ្លាស់ប្តូរការសិក្សា ឬអាហារូបករណ៍ទៅអាមេរិកដូចជា YSEALI, UGRAD ឬក៏ Fulbright ឬទៅថៃជាដើម។ អ្នកមានសមត្ថភាពខ្ពស់លើតេស្តនេះ អាចមានភាពងាយស្រួលក្នុងការប្រឡងចូល IFL ឬក្រសួងនានា ឬប្រឡងទៅក្រៅប្រទេសដូចជាថៃ វៀតណាម ចិន ជប៉ុនដែលរៀបចំដោយក្រសួងអប់រំ។ 


តេស្តនេះនិយាយតែពីការសិក្សាទេ ហើយសំណួរឲ្យជាចម្លើយជ្រើសរើស បួនគឺ A B C D ។ តេស្តនេះមានបីជំនាញគឺ៖ ស្តាប់ វេយ្យាករណ៍ និងអាន។ ជំនាញស្តាប់មាន ៥០ សំណួរ និងមានរយៈពេល ៣៥ នាទី។ ជំនាញស្តាប់នេះមានបីផ្នែកគឺ៖
  • ផ្នែក A៖ ជាការសន្ទនារវាងមនុស្សពីរនាក់។ សន្ទនាមួយសំណួរមួយ មានសំណួរសរុប ៣០ ។
  • ផ្នែក B៖ ជាការពិភាក្សារបស់មនុស្សបីនាក់ឡើងទៅ មានពីរពិភាក្សា ហើយពិភាក្សាមួយមានសំណួរបីទៅប្រាំ ដូច្នេះហើយ មានសំណួរសរុប ៧ ទៅ ៩។
  • ផ្នែក C៖ ជាបឋកថា (Lecture) លើប្រធានបទនៃជំនាញណាមួយ។ មានបីបឋាកថា ហើយបឋាកថាមួយមានសំណួរបីទៅប្រាំ ដូច្នេះហើយ មានសំណួរសរុប ១១ ទៅ ១៣។

តទៅនេះ ជាតិចនិចទូទៅសម្រាប់ការយកពិន្ទុខ្ពស់លើជំនាញស្តាប់៖

តិចនិចផ្នែក A
  1. ផ្តោតលើអ្នកនិយាយចុងក្រោយព្រោះចម្លើយជាទូទៅនៅ ជាមួយអ្នកនិយាយចុងក្រោយ។
  2. ចម្លើយត្រឹមត្រូវច្រើនតែជា restatement ឬ paraphrase (ន័យដូច តែពាក្យខុសគ្នា) របស់អ្នកនិយាយចុងក្រោយ ដូច្នេះហើយពេលស្តាប់ គិតអំពី restatement ឬ paraphrase ដែលអាចទៅរួច។
  3. ផ្នែកនេះ ជាទូទៅច្រើនតែសួរពីសំណង់ប្រយោគ ឬប្រយោគតែងសេចក្តីដូចខាងក្រោម៖
    • សំណង់ប្រយោគ៖ passives, negatives, wishes and conditions.
    • ប្រយោគតែងសេចក្តី៖ agreement, uncertainty, suggestion and surprise.
    • ប្រយោគគ្រាមភាសា៖ phrasal verbs and idioms.
  4. ចាំថាសំណួររត់ពីស្រួលទៅពិបាក សំណួរ ១-៥ ស្រួលជាងគេ ហើយ ២៦-៣០ ពិបាកជាងគេ។
  5. ត្រូវឆ្លើយសំណួរទាំងអស់​​ ទោះជាមិនច្បាស់ក៏ដោយ ព្រោះទោះបីឆ្លើយខុសក៏គេមិនដកពិន្ទុដែរ។
  6. ទោះបីជាមិនយល់ពីសន្ទនាទាំងស្រុង នៅតែអាចរកចម្លើយបាន:
    • បើយល់តែពាក្យ ឬគំនិតខ្លះនៃអ្នកនិយាយចុងក្រោយ ចូរជ្រើសរើសចម្លើយណា ដែលមាន restatement ឬ paraphrase នៃពាក្យ ឬគំនិតគន្លឹះនោះ។
    • បើមិនយល់អ្វីទាំងអស់ពីអ្នកនិយាយចុងក្រោយ ចូរជ្រើសរើសចម្លើយ ដែលផ្ទុយពីខ្លាំងបំផុតពីអ្វី ដែលបានលឺ។
    • ចូរកុំជ្រើសរើសចម្លើយណា ដែលដូចទៅនឹងអ្វីដែលបានលឺ។
  7. ប្រើពេលវេលានៅសល់ពីសំណួរមុន សម្រាប់សំណួរបន្ទាប់។ ចន្លោះពីសំណួរមួយទៅ សំណួរមួយគឺ ១២ វិនាទី។

តិចនិចផ្នែក B/C
  1. បើមានពេល ក្រលេកមើលចម្លើយជាមុន។ ពេលអានចម្លើយទាំងនោះ ត្រូវ៖
    • ទាយពីចំណងជើងនៃការពិភាក្សា ឬបឋកថានោះ
    • ទាយពីសំណួរដែលអាចមានចេញពីក្រុមចម្លើយទាំងនោះ
  2. ស្តាប់អ្នកនិយាយដំបូងដោយប្រុងប្រយ័ត្នព្រោះគំនិតសំខាន់ឬក៏ប្រធានបទតែងតែនៅកន្លែងហ្នឹង ហើយសំណួរខ្លះក៏អាចសួរពីរកន្លែងហ្នឹងដែរ។
  3. ពេលស្តាប់ ត្រូវទាញការសន្និដ្ឋានថា៖
    • អ្នកណាអ្នកនិយាយ
    • ការពិភាក្សា ឬបឋកថាកើតនៅកន្លែងណា
    • ពេលណាកើតឡើង ព្រោះសំណួរទាំងនេះតែងតែត្រូវបានគេសួរ។
  4. ស្តាប់បណ្តើរ ត្រូវរកចម្លើយបណ្តើរ។ សំណួរតែងតែ តាមលំដាប់លំដោយ ហើយចម្លើយច្រើនតែ ដូចគ្នាទៅនឹងអ្វី ដែលគេនិយាយ។
  5. ត្រូវឆ្លើយសំណួរទាំងអស់​​ ទោះជាមិនច្បាស់ក៏ដោយ ព្រោះទោះបីឆ្លើយខុសក៏គេមិនដកពិន្ទុដែរ។
  6. ប្រើពេលវេលានៅសល់ពីសំណួរមុន សម្រាប់សំណួរបន្ទាប់។
  7. ត្រូវចាំថាតេស្តនេះ ការណែនាំដូចតែគ្នាទេ ដូច្នេះហើយ ត្រូវតែយល់ជាមុន ហើយមិនចាំបាច់ប្រឹង ស្តាប់ការណែនាំ គ្រប់តែពេលនោះទេ។

No comments:

Powered by Blogger.